គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

PPM- FAES : ចែករម្លែកចំណេះដឹងដើម្បីគ្រប់គ្រងជំងឺសរសៃឈាមរីកឱ្យបានល្អប្រសើរជាងមុន

កាលបរិច្ឆេទ: ១៧ កញ្ញា ២០២៦ / សុខភាព / Author : ATH Sokren

នៅទីក្រុងភ្នំពេញ ជំនួបបែបវិទ្យាសាស្ត្រមួយដែលប្រមូលផ្តុំអ្នកជំនាញផ្នែកសុខភាពប្រមាណ៧០នាក់បានផ្តល់ឱកាសឱ្យមានការផ្លាស់ប្តូរយោបល់គ្នាជុំវិញការធ្វើរោគវិនិច្ឆ័យ ការគ្រប់គ្រង និងការព្យាបាលជំងឺសរសៃឈាមរីក (des varices) នៅអវយវៈខាងក្រោម។

កាលពីពាក់កណ្តាលខែសីហាកន្លងទៅនេះ នាយកដ្ឋានពាណិជ្ជកម្មនៃសហគ្រាសផលិតឱសថប៉េប៉េអឹម PPM-FAES បានរៀបចំកិច្ចប្រជុំមួយនៅទីក្រុងភ្នំពេញស្តីពីការគ្រប់គ្រង និងការព្យាបាលជំងឺសរសៃឈាមរីកនៃអវយវៈខាងក្រោម។ មនុស្សជិត៧០នាក់ដែលមានវត្តមាននៅទីកន្លែងផ្ទាល់ ឬតាមអនឡាញ បានចូលរួមក្នុងវគ្គនេះដែលផ្តោតសំខាន់សម្រាប់វេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកសុខភាព។

ក្រោមប្រធានបទ «Management and Treatment in Varicose Veins» (ការគ្រប់គ្រង និងការព្យាបាលជំងឺសរសៃឈាមរីក) កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់ការចែករម្លែកចំណេះដឹងផ្នែកវេជ្ជសាស្ត្រ និងបទពិសោធវិជ្ជាជីវៈជុំវិញជំងឺមួយដែលកើតឡើងញឹកញាប់ ប៉ុន្តែពេលខ្លះត្រូវបានមើលរំលងនៅដំណាក់កាលដំបូង នៅពេលដែលពុំទាន់មានចេញរោគសញ្ញាអ្វី។

លោកលួង សុភារ៉ា អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវគ្គផ្លាស់ប្តូរយោបល់ទាំងនេះសម្រាប់អ្នកជំនាញផ្នែកសុខភាព។ ក្នុងនាមជាក្រុមហ៊ុនឱសថឈានមុខគេមួយរបស់ប្រទេសកម្ពុជា សហគ្រាសផលិតឱសថប៉េប៉េអឹមធ្វើការជាប្រចាំជាមួយដៃគូរបស់ខ្លួនក្នុងការរៀបចំកម្មវិធីវិទ្យាសាស្ត្រ ដើម្បីឱ្យមានជំនួបរវាងវេជ្ជបណ្ឌិតកម្ពុជា និងអ្នកជំនាញអន្តរជាតិ។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​គ្រូពេទ្យ​ដែល​មាន​វត្តមាន​នៅ​ទីនេះ ក៏ដូចជា​អ្នក​ដែល​ចូលរួម​តាមអនឡាញ ឱ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការពិភាក្សា និង​ផ្លាស់ប្តូរ​គំនិត​គ្នា​ឱ្យបាន​ទូលំទូលាយ​ជាមួយ​វាគ្មិន​របស់​យើង»។ គោលបំណងនៃកិច្ចប្រជុំនេះគឺម្នាក់ៗអាចទទួលបានចំណេះដឹង និងបទពិសោធដ៏មានប្រយោជន៍ ដែលអាចយកទៅអនុវត្តបាន ដើម្បីកែលម្អការព្យាបាលអ្នកជំងឺ។

វាគ្មិនសំខាន់គឺវេជ្ជបណ្ឌិតហុង គឹមហ៊ាង ឯកទេសខាងវះកាត់សរសៃឈាមបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា បានធ្វើបទបង្ហាញពីបទពិសោធផ្ទាល់ខ្លួនរបស់លោកទាក់ទងនឹងជំងឺសរសៃឈាមរីកនៃអវយវៈខាងក្រោម និងជម្រើសនៃការព្យាបាលដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោក​បាន​​គូសបញ្ជាក់​ថា អ្នកជំងឺ​ជាច្រើនទៅជួប​គ្រូពេទ្យនៅពេលដែលស្ថានភាពជំងឺរបស់ពួកគេបានវិវត្តទៅមុខហើយ។ ជំងឺសរសៃឈាមរីកអាចវិវត្តបន្តិចម្តងៗ ហើយបង្ហាញរោគសញ្ញាដែលស្ទើរតែមិនអាចកត់សម្គាល់បាននៅពេលដំបូង។ កង្វះព័ត៌មានអំពីកន្លែងធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសមស្របក៏អាចជាកត្តាពន្យារពេលក្នុងការទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យផងដែរ។

យោងតាមទិន្នន័យអន្តរជាតិដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ ជំងឺសរសៃឈាមរីកនៅអវយវៈខាងក្រោមអាចប៉ះពាល់ដល់មនុស្សប្រហែល ៣៣% ដែលមានអាយុពី១៨ ទៅ ៦៤ ឆ្នាំ។ ប៉ុន្តែវេជ្ជបណ្ឌិតហុង គឹមហ៊ាង បានបញ្ជាក់ថា ប្រទេសកម្ពុជាមិនទាន់មានការសិក្សាជាក់លាក់ណាមួយ ដើម្បីកំណត់ឱ្យបានត្រឹមត្រូវអំពីអត្រារីករាលដាលនៃជំងឺនេះនៅក្នុងប្រទេសនៅឡើយទេ។

យ៉ាងណាក៏ដោយ អ្នកឯកទេសរូបនេះបានសម្តែងទំនុកចិត្តលើវឌ្ឍនភាពនៃវេជ្ជសាស្ត្រកម្ពុជា។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានជំនាញ និងបច្ចេកវិទ្យាដើម្បីធានាបាននូវការព្យាបាលប្រកបដោយប្រសិទ្ធភាពនៃជំងឺសរសៃឈាមរីកទោះបីជាការព្យាបាលមួយចំនួន ជាពិសេសការព្យាបាលដែលប្រើបច្ចេកវិទ្យាឡាស៊ែរ នៅតែមានតម្លៃខ្ពស់សម្រាប់អ្នកជំងឺមួយចំនួនក៏ដោយ។

នៅក្នុងកិច្ចប្រជុំនេះក៏មានបទបង្ហាញរបស់លោកស្រីកន់ សុវណ្ណា ដែលជាឱសថការី និងជាតំណាងក្រុមហ៊ុនចែកចាយឱសថ FAES របស់ប្រទេសអេស្ប៉ាញផងដែរ។ លោកស្រីបានណែនាំពីថ្នាំ Venosmil ដែលជាថ្នាំសម្រាប់ព្យាបាលជំងឺសរសៃឈាមរីករ៉ាំរ៉ៃ និងរៀបរាប់ពីប្រវត្តិរបស់ក្រុមហ៊ុន FAES ដែលមានវត្តមាននៅក្នុងប្រទេសជាង១៣០ និងសកម្មក្នុងវិស័យឧស្សាហកម្មឱសថអស់រយៈពេលជិតមួយសតវត្សមកហើយ។

នៅ​​​កម្ពុជា កិច្ច​សហប្រតិបត្តិការ​រវាងក្រុមហ៊ុន FAES និងសហគ្រាសផលិតឱសថប៉េប៉េអឹមគឺជា​កិច្ច​សហប្រតិបត្តិការ​រយៈពេល​វែង។ តាមរយៈ​ភាពជាដៃគូ​នេះ និង​ការរៀបចំ​កិច្ចប្រជុំ​វិទ្យាសាស្ត្រ PPM-FAES មាន​គោលបំណង​ចូលរួមចំណែក​ក្នុងការ​ពង្រឹងសមត្ថភាពរបស់​អ្នកជំនាញ​ផ្នែក​សុខភាព និង​កែលម្អជាបន្តបន្ទាប់នូវ​គុណភាព​នៃ​ការព្យាបាល​អ្នកជំងឺ​នៅកម្ពុជា​៕